អត្ថន័យនៃក្របសៀវភៅ​ “កូនរបស់ម៉ែ”

ក្របសៀវភៅ កូនរបស់ម៉ែ

សរទរដូវនៅទីក្រុងអូតាវាពិតជាស្អាតណាស់​ ស្លឹកឈេី​លឿង​ ក្រហម​ ទឹកក្រូច​ ចំរុះពណ៌​ដណ្តេីមគ្នាជ្រុះឃ្លាតដាច់ពីមែក​ ​រសាត់អណ្តែតទៅតាមកំលាំងវាយោគ្មានទិសដៅ​។

ខ្ញុំក្រឡេកមេីលទៅទិសខាងលិច​ ខ្ញុំឃេីញព្រះអាទិត្យ​បន្ទាបខ្លួនប៉ះផ្ទៃទន្លេ​ ស្ទេីរបាត់​ស្ទេីរឃេីញ​ ព្រោះបាំងដោយពពកខ្មៅ​មួយផ្ទាំងធំ​ ហាក់ផ្តល់សញ្ញាឱ្យខ្ញុំ​ប្រញាប់ចាក់ចេញ​ ព្រោះព្រះភិរុណ​អាចនឹងបង្អុរមកគ្រប់ពេល។

ជាការពិតណាស់​ រដូវស្លឹកឈេីជ្រុះ​ ឬខ្មែរយេីងហៅថាសរទរដូវនេះ​ មេឃអាចផ្លាស់ប្តូរ​យ៉ាងរហ័សគ្រប់ពេល។ ពេលខ្លះមេឃស្រឡះ​ ពេលខ្លះមេឃស្រទំ​បាំងដោយពពក​ រកកលភ្លៀង​ ពេលខ្លះក៏រលឹមទាំងព្រឹក​ ឯពេលខ្លះទៀតខ្យល់បក់ខ្លាំងៗ​ បង្ខំឱ្យស្លឹកឈេីដែលទុំទាំងឡាយត្រូវតែជ្រុះធ្លាក់រាយប៉ាយពេញដី។

ទោះសភាពមិនប្រក្រតីនេះ​ ពិបាកឱ្យខ្ញុំស្មានពីសីតុណ្ហភាពប្រចាំថ្ងៃក៏ដោយ​ តែខ្ញុំនៅតែរីករាយ​ ទន្ទឹងរង់ចាំមេីលរដូវនេះតាំងពីដេីមខែសីហា​ ព្រោះខ្ញុំចង់ឃេីញភាពស្រស់ស្អាត​ នៃស្លឹកឈេីចំរុះពណ៌​ទុំជ្រុះទាំងនោះ​ ដោយមិនបាន​ខ្វល់ពីដេីមឈេីដែលនឹងត្រូវអស់ស្លឹក​ដ៏សោះកក្រោះទាំងនោះឡេីយ។​ ផ្ទុះទៅវិញ​ពេលដែលរដូវនេះ​ចូលមកដល់​ ខ្ញុំបែរជា​មិនសប្បាយដូចការរំពឹងទុកទេ។ ព្រោះអារម្មណ៍ខ្ញុំពេលនេះបានហោះទៅរកម៉ែនៅឯជេីងមេឃម្ខាងទៀតបាត់ទៅហេីយ។

ដេីរចេញពីសួនឧទ្យាន​ ទាំងមិនអស់ចិត្តព្រោះខកខានឃេីញព្រះអាទិត្យលិច​ ខ្ញុំស្រាប់តែមានអារម្មណ៍ថារងាមួយរំពេច​ ព្រោះតែមានខ្យល់ត្រជាក់បក់មកជាមួយស្លឹកឈេីពណ៌លឿងទុំ​ទេីលេីជេីងខ្ញុំ​។ ខ្ញុំអោនរេីសយកមកកាន់រួចបន្តដំណេីរទៅមុខទៀត។

“ម៉ែ! នៅខាងនោះ​ ម៉ែយ៉ាងម៉េចហេីយ? ពេលកូនលឺដំណឹងម៉ែឈឺ​ កូនបាត់អស់ភាពរីករាយ​។ ទីកន្លែងស្រស់ស្អាត​ រដូវកាលស្លឹកឈេីចំរុះពណ៌​ ដែលកូនទន្ទឹង​ លែងមានន័យសម្រាប់កូនទៀតហេីយ! ម៉ែនៅខាងនោះ​ អាកាសធាតុអាចខុសពីកូន​ ព្រោះខ្មែរយេីងចូលខែភ្ជុំហេីយ​ ច្បាស់ណាស់ថា​ មានភ្លៀងរលឹមឥតដាច់​ ផ្លូវអាចប៉ប៉េចប៉ប៉ាច​ មេឃស្រទំរហូត​ មែនទេម៉ែ? កូននៅទីនេះ​ បេីទោះពពកខ្មៅបាំងម្តងៗ​ តែនៅតែ​បេីកថ្ងៃ​ ហេីយថែមទាំងបន្ថែមភាពស្រស់ស្អាត​ ដោយមានស្លឹកឈេីចំរុះពណ៌​ សប្បាយភ្នែកមេីលណាស់​ ប៉ុន្តែ​ហេតុអ្វីបានជា​កូនមិនសប្បាយ? ហេតុអ្វីបានជាកូនយំ​? ចុះម៉ែនៅខាងនោះហាក់អួអាប់​ រលឹមសស្រិច​ ម៉ែថែមទាំងឈឺធ្ងន់​ ហេីយម៉ែនៅឆ្ងាយពីកូន​ទៀត​ ហេតុអ្វីម៉ែនៅតែញញឹម? ម៉ែនៅតែសេីចសប្បាយដាក់កូន​ ពេលកូនទូរសព្ទទៅ?”​

ខ្ញុំនិយាយក្នុងចិត្តរួចដកដង្ហេីមធំមួយ​ ដេីម្បីបន្ទូរអារម្មណ៍តានតឹង​ ពេលគិតដល់ស្ថានភាពម៉ែពេលនេះ។ ខ្ញុំដេីរបណ្តេីរ​ សម្លឹងមេីលស្លឹកឈេីដែលខ្ញុំបានរេីសបណ្តេីរ។

“ឬមួុយជាពេលដែលម៉ែត្រូវចាកចេញ? ស្លឹកឈេីទុំជ្រុះ​ មនុស្ស​ កេីត​ ចាស់​ ស្លាប់​ ជាច្បាប់ធម្មជាតិ​ តេីខ្ញុំត្រូវត្រៀមខ្លួនរស់ជាថ្មីដោយគ្មានម៉ែ​ ដូចដេីមឈេីសោះកក្រោះមួយនោះ​ ដែលរង់ចាំរដូវលាស់ស្លឺកថ្មីឬ? តេីខ្ញុំត្រូវត្រៀមចិត្តយ៉ាងណា​ ដេីម្បីទទួលយកច្បាប់ធម្មជាតិនេះ​ ដោយសុខចិត្ត​ ហេីយ​ មិនឈឺចាប់​?”​

គិតដល់ពាក្យ​ “សុខចិត្ត​ ហេីយមិនឈឺចាប់”​ ខ្ញុំឆួលច្រមុះ​ ដំណាលគ្នា​ ​និងទឹកភ្នែក​ហូរមកស្រូដូចទឹកបាក់ទ្រនប់​ ព្រោះខ្ញុំនឹកឃេីញ​ដល់ស្នាមញញឹម​ ​និង​ សំឡេងសេីចរបស់ម៉ែខណ:ពេលគាត់ធ្លាក់ខ្លួនឈឺ​ កំពុងព្យាបាល​តែបែររីករាយឃេីញកូនៗជុំគ្នា។ ទង្វេីរបស់ម៉ែបានកំពុង​បង្រៀនខ្ញុំ​ឱ្យរៀន​ សុខចិត្ត​ រៀនទទួលយក​ រៀនលេីកលែងទោស​។ ជីវិតម៉ែ​បានឆ្លងកាត់​ព្យុះ​ភ្លៀង​ ក្នុងទីងងឹតជាច្រេីនរាប់មិនអស់​ តែចុងក្រោយនៃជីវិតម៉ែនៅតែញញឹម​ ទៅកាន់កូន​ ទៅកាន់មនុស្សគ្រប់គ្នា​ ដោយ​សេចក្តីស្ងប់។ តែកូននៅទីភ្លឺ​ នៅទីស្រស់ស្អាត​ ហេតុអ្វីក៏ពិបាកគ្រាន់តែញញឹម​ ដោយសុខចិត្ត​ ហេីយមិនឈឺចាប់​ ដូចម៉ែ? អរគុណម៉ែ​ សម្រាប់មេរៀនមួយនេះ​ មុនពេលម៉ែត្រូវឃ្លាត​។ កូននឹងព្យាយាម​អនុវត្ត​ន៍​ មេរៀន​ សុខចិត្ត​ ពេញចិត្ត​ សប្បាយចិត្ត​ ស្រាយចិត្ត​ ស្ងប់ចិត្ត​ ​ដេីម្បីឱ្យចុងក្រោយនៃជីវិតកូន​ ​ពេលចាកចេញពីផែនដីនេះទៅ​ ​ជ្រះថ្លា​ ញញឹមរីករាយដូចម៉ែ។

ពិតណាស់​ ដេីមឈេីជ្រុះស្លឹកគង់លាស់​ត្រួយថ្មី​ ព្រះអាទិត្យលិចពីផែនដី​គង់វិលវៃ​នៅថ្ងៃបន្ទាប់​ មេឃខ្មៅអួអាប់​គង់តែមានភ័ព្វ​ ជួបជួនប្រសព្វនឹងពន្លឺ​។ យេីងដឹងហេីយថាជាច្បាប់ធម្មជាតិ​ ដូច្នេះ​​មានតែយេីងរៀនរស់ដាក់ចិត្ត​ សម្របកាយ​ ទទួលយកលទ្ធផលជីវិតដោយសុខចិត្ត​ និងស្ងប់ចិត្ត​ ទេីបមិនសូវឈឺចាប់ពេលត្រូវបាត់បង​ ឬចាកចេញ៕ ~Amy
__________________

🍁 ខ្ញុំសូមអរគុណដល់​ក្រុមការងារ​ មេសា​ -​April ដែលបានសហការ​ និងគាំទ្រស្នាដៃដំបូងរបស់ខ្ញុំ។ ខ្ញុំក៏សូមអរគុណជាពិសេសដល់អ្នករចនាក្របសៀវភៅ​ ដែលត្រូវខ្លឹមសារ​ និងអត្ថន័យ​ ដូចអ្វីដែលខ្ញុំចង់បាន។
🍁ប្រិយមិត្តអ្នកអានអាចធ្វើការកក់ទុកដោយបញ្ជាក់លេខទូរសព្ទ អាសយដ្ឋាន និងចំនួនសៀវភៅក្នុង comment ខាងក្រោម ឬក្នុងប្រអប់សារនៅផេក មេសា-April
🍁តម្លៃសម្រាប់អ្នកកក់៖ តម្លៃ 28000 រៀល នឹងទទួលបានកាដូពិសេស ចាប់ពីថ្ងៃទី 06 ខែមិថុនា ដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2020។

អរគុណ​​ ប្រិយមិត្ត​ដែលបាន​ជាវ​សៀវភៅ “កូនរបស់ម៉ែ”

សៀវភៅ កូនរបស់ម៉ែ

អរគុណ​ មិត្ត​ភ័ក្តិ​បង​ប្អូន​ ប្រិយមិត្ត​ទាំងអស់​ដែលបាន​ជាវ​ និង​កំពុងកាន់សៀវភៅ​ “កូនរបស់ម៉ែ”​ ក្នុងដៃ។ ខ្ញុំរំភេីប​លេីសពីពាក្យបរិយាយ​ ពីលទ្ធផលដែលផុសចេញពីការតាំងចិត្ត​ ថានឹង​សរសេរស្នាដៃ​ នេះឱ្យបានដេីម្បីឧទ្ទិសជូនម៉ែ​ក្រោយពេលលោកឃ្លាតទៅ។ សុភមង្គលរបស់ខ្ញុំ​ គឺនៅពេល​មេរៀន​ជីវិត​មួយចំនួន​ ត្រូវបានចែកចាយ​ និងរៀនបន្ត​ដេីម្បីភាពរឹងមាំ​ និងលេីកទឹកចិត្តខ្លួនឯងពេលយេីងបាក់ទឹកចិត្ត។

ស្នាដៃដំបូង​នេះ អាចនឹងមានការខ្វះចន្លោះ​ ឬខុសឆ្គងដោយអចេតនា​ យ៉ាងណា​ក៏សុំការអធ្យាស្រ័យ។ ខ្ញុំពិតជាអរគុណ​មិត្ត​ភ័ក្តិ​ បងប្អូន​ ប្រិយមិត្ត​អ្នកអានទាំងអស់​ដែលបានគាំទ្រ​ស្នាដៃ​ដំបូងនេះ​។ ការគាំទ្ររបស់អ្នកក្រោមរូបភាព​ណាក៏ដោយ​ សុទ្ធតែជា​កំលាំងចលករ​រុញចិត្តខ្ញុំឱ្យបន្តដំណេីរ​ ដេីររតាមសុបិនបន្តទៀត។ អរគុណ​អស់ពីបេះដូង​ 💚

ម៉ែដឹងទេ?

កូនរបស់ម៉ែ

🍃ម៉ែដឹងទេ​ ថាស្នាមញញឹមរបស់ម៉ែ​ពេលនេះ ធ្វេីឱ្យអ្នកដទៃញញឹមតាមម៉ែ​ តែទឹកភ្នែករបស់ពួកគេ​ ក៏ស្រក់តាមកូនដោយមិនដឹងខ្លួន។

ម៉ែរីករាយ​ព្រោះម៉ែផុតទុក្ខ​ អស់កង្វល់​ តែកូនបែរជាកេីតទុក្ខព្រោះបាត់បង់ម៉ែ។ កូនត្រូវរៀនញញឹម​ទទួលយក​ការបាត់បង់​នេះ​ ដូចដែលម៉ែញញឹម​ទទួលយក​ការចាកចេញ​ដោយមិនត្រឡប់នេះដែរ។ #កូនរបស់ម៉ែ​ នឹង​រឹងមាំ​។ #កូនរបស់ម៉ែ​ នឹងអត់ទ្រាំ។ #កូនរបស់ម៉ែ​ នឹងខិតខំបន្តដំណេីរទៅមុខទៀតដោយគ្មានម៉ែ។🌼

ពី​ ​#កូនរបស់ម៉ែ​ ~Amy

សៀវភៅ «កូនរបស់ម៉ែ» ជាស្នាដៃបោះពុម្ពដំបូងរបស់ខ្ញុំ

សៀវភៅ កូនរបស់ម៉ែ

🍃សៀវភៅ «កូនរបស់ម៉ែ» ជាស្នាដៃបោះពុម្ពដំបូងរបស់ខ្ញុំ។ សរសេរសៀវភៅ​ឱ្យគេអានគឺជាក្តីស្រមៃមួយក្នុងចំណោម ក្តីស្រមៃដទៃទៀតនៅក្នុងជីវិត។ ហេីយក្តីស្រមៃដទៃទៀតកាលនៅតូចនោះ ខ្ញុំក៏បានបំពេញ​ និងឆ្លងកាត់រួចខ្លះហេីយដែរ​ ដូចជា​៖​

~ខ្ញុំធ្លាប់ចង់ធ្វេីជាតួសម្តែង​ ព្រោះតែចង់ជម្នះនឹងរូបអាក្រក់ ពីកំណេីតដែលអ្នកដទៃតែងបង្អាប់។

~ខ្ញុំធ្លាប់ចង់ធ្វេីជាអ្នកថតរូប​ និងអ្នកផលិតវីដេអូរឿងអប់រំ ​ដែលជាប្រយោជន៍ដល់អ្នកមើល ព្រោះខ្ញុំស្រលាញ់ការថតរូប ស្រលាញ់រូបថត​ ស្រលាញ់អ្វីដែលជារូបភាពអនុស្សាវរីយ៍ ​និងការចងចាំ។

~ខ្ញុំចង់ដេីរផ្សងព្រេង​ជុំវិញពិភពលោក​ ខ្ញុំចង់ស្វែងយល់បទពិសោធន៍ថ្មីៗ​សម្រាប់ជីវិត​ ពិសេស​គឺចង់យល់ស៊ីជម្រៅពីច្បាប់ធម្មជាតិ​ សកលលោក​ មនុស្សជាតិ ​និងជីវិត។ ពេលខ្លះខ្ញុំឆ្ងល់ថា​ ហេតុអ្វីកេីតជាមនុស្ស​ មានលទ្ធផលមិនដូចគ្នា​ មាន​ស្រលាញ់​ មានស្អប់​ មានការរើសអើង មានអំពេីឃោរឃៅ មានច្រណែន​ មានខឹង​។ល។

~ខ្ញុំចង់សរសេរសៀវភៅ អំពីជីវិតម្តាយខ្ញុំ​ ព្រោះម៉ែ តែងនិយាយ រឿងរ៉ាវ ពីខ្សែជីវិតដ៏ចម្លែក​ និងកម្សត់កម្ររបស់គាត់ប្រាប់ខ្ញុំ​ ដែលខ្ញុំគិតថា​ ស្រី្តភាគច្រេីនអាចមិនជួបរឿងដូចគាត់។ ខ្ញុំក៏ចង់សរសេរ​សៀវភៅលេីកទឹកចិត្ត​ និងដំណេីរជីវិតផ្សងព្រេងពីជីវិតរបស់ខ្ញុំ​ដែរ ព្រោះខ្ញុំធ្លាប់ជាមនុស្សបាក់ទឹកចិត្ត ដែលតែងតែព្យាបាលខ្លួនឯងស្ងាត់ៗ​ និងចូលចិត្តធ្វេីដំណេីរផ្លូវឆ្ងាយ។ ក្តីស្រមៃនេះ​ ខ្ញុំមិនហ៊ានគិតដល់ថា ចង់ក្លាយជាអ្នកនិពន្ធអីនោះទេ​ តែខ្ញុំគ្រាន់តែចង់សម្រេចសុបិន ដែលខ្ញុំបានកត់ទុកក្នុងខួរក្បាល តាំងពីកុមារភាព ប៉ុណ្ណោះ។

ជាលទ្ធផល​ ​ខ្ញុំភ័យផង​អរផង​ ក្រោយពេលឃេីញក្តីស្រមៃ ចុងក្រោយនេះ ចាប់ផ្តេីមចេញពន្លក។ សរសេរសៀវភៅ​មួយក្បាលនេះឡេីង​ ​ធ្វេីឱ្យខ្ញុំស្គាល់ខ្លួនឯងរឹតតែច្បាស់ ថា​ខ្ញុំជាមនុស្សបែបណា​ ប្រភេទអី​ គួរដេីរទៅមុខទៀតបែបណា​ ព្រោះរាល់អន្ថន័យ​ និង​អត្ថរស​ ដែលបង្កប់ក្នុងសៀវភៅនេះ​ សុទ្ធតែជាការរលឹក​ និង​ ដាស់តឿនខ្លួនឯង​ ពីអតីតកាល​ បច្ចុប្បន្នកាល​ និង​ការរៀបចំផែនការជីវិតទៅថ្ងៃមុខ​ នោះដោយសារតែ​ អត្ថបទ​ និង រឿងខ្លីភាគច្រេីនក្នុងសៀវភៅនេះ​ ជារឿងពិតដែលបានកេីតឡេីងក្នុងជីវិតខ្ញុំ​ និងម្តាយខ្ញុំ។ ម៉ែ​ ជាតួអង្គជីវិតសំខាន់មួយ​ដែលខ្វះមិនបាន​ ព្រោះបេីគ្មា​នម៉ែ​ គ្មានខ្ញុំថ្ងៃនេះ​ ហេីយក៏គ្មានសន្ទុះចិត្តសរសេរសៀវភៅដែលពោរពេញដោយ​ អារម្មណ៍ក្តុកក្តួល​ មនោសញ្ចេតនា​នេះចប់ដែរ។

នឹកដល់ពេលសរសេរអក្សរមួយតួៗ​ ខ្ញុំហាក់ពិបាកនឹងបន្តទៅមុខ​ បេីទោះបីជា មានប្រយោគជាច្រេីនអណ្តែត​ ពេញក្បាលក៏ដោយ​ ព្រោះស្របពេលនោះ បេះដូង និងទឹកភ្នែកខ្ញុំ ហាក់ប្រឹងប្រជ្រៀតផុសចេញដំណាលគ្នាដែរ​ ជាហេតុនាំឱ្យម្រាមដៃទាំងដប់របស់ខ្ញុំចាប់ញ័រ​ និងពន្យឺតការសរសេរដោយអន្លេី។

សៀវភៅ​ “កូនរបស់ម៉ែ”​ អាចត្រូវចិត្តអ្នក​ បេីអ្នកចង់ដឹង​ ចង់យល់ចង់កែប្រែ​ ជីវិតខ្លួនឯង​ ដូចរឿងរ៉ាវ​ និង​ អារម្មណ៍ដែលខ្ញុំបានសរសេរចូលក្នុងសៀវភៅនេះ។ ដូចបានរៀបរាប់​នៅកថាខណ្ឌទី៦​ អ្វីដែលខ្ញុំបានរៀនពីខ្លួនឯង​ ពេលសរសេរ​សៀវភៅនេះ​ចប់ ក៏សង្ឃឹមថា​ អ្នកនឹងរៀនស្វែងយល់​ពីខ្លួនឯង ឆ្លុះបញ្ចាំងអតីតកាលខ្លួនឯង​ ​និង​ រៀបផែនការជីវិត​ពីខ្លួនឯងដែរក្រោយពេលអានចប់។

ខ្ញុំសង្ឃឹមថា​ ក្តីស្រមៃដែលខ្ញុំបានធ្វេីដោយបេះដូង​មួយនេះ​ ពិតជាបានប្រយោជន៍ដល់អ្នក​ ពិសេសខ្ញុំបានបំពេញបំណងដែលខ្ញុំធ្លាប់សន្យាជាមួយម៉ែខ្ញុំថា​ “កូននឹងសរសេរសៀវភៅអំពីម៉ែ”​បេីទោះបីវាកេីតឡេីងយឺតពេល​ ក្រោយម៉ែឃ្លាតទៅ​ តែខ្ញុំមិនបានលុបក្តីសុបិន​ ក្នុងការសរសេរសៀវភៅនេះឡេីយ។ គឺសរសេរដេីម្បី​ លេីកទឹកចិត្តខ្លួនឯង​ សរសេរដេីម្បី​ស្រលាញ់ខ្លួនឯងជាងមុន​ គឺសរសេរដេីម្បីសម្រេចក្តីស្រមៃ​ ដោយសង្ឃឹមថា​ អ្នកអាន​ នឹងទទួលបានអត្ថប្រយោជន៍​ និង​អារម្មណ៍គ្រប់យ៉ាងដូចអ្នកសរសេរ។ អរគុណសម្រាប់ការគាំទ្រ​🌼~​ Amy
____________________
🍀សៀវភៅ «កូនរបស់ម៉ែ»​ចេញផ្សាយឆាប់ៗនេះ…
🍁ប្រិយមិត្តអ្នកអានអាចធ្វើការកក់ទុកដោយបញ្ជាក់លេខទូរសព្ទ អាសយដ្ឋាន និងចំនួនសៀវភៅក្នុង comment ខាងក្រោម ឬក្នុងប្រអប់សារនៅផេក មេសា-April
🍁តម្លៃសម្រាប់អ្នកកក់៖ តម្លៃ 28000 រៀល នឹងទទួលបានកាដូពិសេស​ ចាប់ពីថ្ងៃទី 06 ខែមិថុនា ដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2020។

ម៉ែ! កូនសរសេរចប់ហេីយ

សៀវភៅ កូនរបស់ម៉ែ

🍂សៀវភៅមួយក្បាល ដែលគ្រោងនឹងកាន់យកឱ្យម៉ែអាន ដោយរីករាយក្រោយពេលសរសេរចប់​ បានក្លាយជាសៀវភៅដែលនៅឆ្ងាយពីម្ចាស់ ​រឹតតែគ្មានឱកាស​ហុចជូនម៉ែ​ បានត្រឹមតែ​និយាយក្នុងចិត្តទាំងសោកសៅទៅកាន់រូបថតម៉ែ​ថា៖

“​កូនសរសេរចប់ហេីយ ​តែម៉ែក៏បានទៅចោលកូនបាត់ដែរ​។​ ទោះសៀវភៅមួយក្បាលនេះ​ មិនអាចដល់ដៃម៉ែអានដូចបំណង​ តែកូននឹងអានវាលឺៗ គ្រប់សន្លឹក​គ្រប់ទីកន្លែង​ រហូតដល់​ទំព័រ​ចុងក្រោយ ដេីម្បីឱ្យម៉ែបានស្តាប់លឺជំនួសវិញ។ សូមអំណាចនៃការអាននេះ​ និង​អំណាចនៃកម្លាំងវាយោ​ ជួយបក់កួច​អំណាន​ខ្ញុំ​ លឺដល់ម៉ែដែលកំពុងចាំស្តាប់នៅឋានសួគ៌ផងចុះ។”​

ខ្ញុំរឹតតែមានអំណរ​ បេីមិត្តភក្ត្រ័បងប្អូន​ អ្នកគ្រប់គ្នា ដែលនឹងមានសៀវភៅនេះក្នុងដៃ​ ហេីយនឹងអាន​លឺៗដូចខ្ញុំដែរ​ ដេីម្បីជួយបន្ថែមថាមពល​សំឡេងអំណាន នោះ​ខ្ញុំជឿថា​ រឹតតែឆាប់លឺដល់ម៉ែមិនខាន។ អរគុណមិត្តភក្ត្រ បងប្អូន លោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្នាដែលតែងតែគាំទ្រ ចាំលើកទឹកចិត្ត មនុស្សដែលធ្លាប់បាក់ទឹកចិត្តម្នាក់នេះកន្លងមក។ បើគ្មានអ្នកទាំងអស់គ្នា ខ្ញុំក៏គ្មានកម្លាំងចិត្ត កម្លាំងស្មារតីបន្តដំណើរទៅមុខទៀតដែរ ក្រោយពេលគ្មានម៉ែ។ ដោយក្តីគោរព ស្រលាញ់ ពីខ្ញុំ អេមី។ 🍁
____________________

“កូនរបស់ម៉ែ” នឹងនាំអ្នករៀនសូត្រពីរឿងដែលអ្នកមើលរំលងនៅក្នុងគ្រួសារ ពីទំនាក់ទំនងមួយដែលលើសពីពាក្យថាម៉ែនិងកូន ព្រោះម៉ែជាគ្រូបង្រៀនដ៏ពូកែ ជាអ្នកត្រួសត្រាយផ្លូវ ជាកម្លាំងចិត្តរបស់កូនគ្រប់រូប។

សរសេរសៀវភៅមួយក្បាលនេះឡើង អ្នកនិពន្ធបានប្រើទឹកភ្នែក ការចងចាំ អនុស្សាវវីយ៍ជាច្រើន មានទាំងការឈឺចាប់ និងភាពរីករាយដែលមានជាមួយម៉ែ ដោយគ្រាន់តែសង្ឃឹមថា បន្ទាប់ពីអានចប់ អ្នកអាចស្រលាញ់ខ្លួនឯងកាន់តែច្រើនជាងមុន ស្រលាញ់អ្វីដែលម្តាយរបស់យើងបានផ្តល់ឱ្យ ស្រលាញ់គ្រប់យ៉ាងដែលជាខ្លួនឯង ហើយឈានជើងទៅមុខដោយភាពរឹងមាំ និងភាពជឿជាក់លើខ្លួនឯង៕

🍀 ប្រិយមិត្តអ្នកអានអាចធ្វើការកក់ទុកនៅផេក មេសា-April

– តម្លៃសម្រាប់អ្នកកក់៖ តម្លៃ 28000 រៀល នឹងទទួលបានកាដូពិសេសពីមេសា។

– ចាប់ពីថ្ងៃទី 06 ខែមិថុនា ដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2020។

– បញ្ជាក់លេខទូរសព្ទ អាសយដ្ឋាន និងចំនួនសៀវភៅក្នុងផេក មេសា-Apri ឬ comment ខាងក្រោម ឬក្នុងប្រអប់សារ
សូមអរគុណសម្រាប់ការគាំទ្រ ❤