អត្ថន័យនៃក្របសៀវភៅ​ “កូនរបស់ម៉ែ”

ក្របសៀវភៅ កូនរបស់ម៉ែ

សរទរដូវនៅទីក្រុងអូតាវាពិតជាស្អាតណាស់​ ស្លឹកឈេី​លឿង​ ក្រហម​ ទឹកក្រូច​ ចំរុះពណ៌​ដណ្តេីមគ្នាជ្រុះឃ្លាតដាច់ពីមែក​ ​រសាត់អណ្តែតទៅតាមកំលាំងវាយោគ្មានទិសដៅ​។

ខ្ញុំក្រឡេកមេីលទៅទិសខាងលិច​ ខ្ញុំឃេីញព្រះអាទិត្យ​បន្ទាបខ្លួនប៉ះផ្ទៃទន្លេ​ ស្ទេីរបាត់​ស្ទេីរឃេីញ​ ព្រោះបាំងដោយពពកខ្មៅ​មួយផ្ទាំងធំ​ ហាក់ផ្តល់សញ្ញាឱ្យខ្ញុំ​ប្រញាប់ចាក់ចេញ​ ព្រោះព្រះភិរុណ​អាចនឹងបង្អុរមកគ្រប់ពេល។

ជាការពិតណាស់​ រដូវស្លឹកឈេីជ្រុះ​ ឬខ្មែរយេីងហៅថាសរទរដូវនេះ​ មេឃអាចផ្លាស់ប្តូរ​យ៉ាងរហ័សគ្រប់ពេល។ ពេលខ្លះមេឃស្រឡះ​ ពេលខ្លះមេឃស្រទំ​បាំងដោយពពក​ រកកលភ្លៀង​ ពេលខ្លះក៏រលឹមទាំងព្រឹក​ ឯពេលខ្លះទៀតខ្យល់បក់ខ្លាំងៗ​ បង្ខំឱ្យស្លឹកឈេីដែលទុំទាំងឡាយត្រូវតែជ្រុះធ្លាក់រាយប៉ាយពេញដី។

ទោះសភាពមិនប្រក្រតីនេះ​ ពិបាកឱ្យខ្ញុំស្មានពីសីតុណ្ហភាពប្រចាំថ្ងៃក៏ដោយ​ តែខ្ញុំនៅតែរីករាយ​ ទន្ទឹងរង់ចាំមេីលរដូវនេះតាំងពីដេីមខែសីហា​ ព្រោះខ្ញុំចង់ឃេីញភាពស្រស់ស្អាត​ នៃស្លឹកឈេីចំរុះពណ៌​ទុំជ្រុះទាំងនោះ​ ដោយមិនបាន​ខ្វល់ពីដេីមឈេីដែលនឹងត្រូវអស់ស្លឹក​ដ៏សោះកក្រោះទាំងនោះឡេីយ។​ ផ្ទុះទៅវិញ​ពេលដែលរដូវនេះ​ចូលមកដល់​ ខ្ញុំបែរជា​មិនសប្បាយដូចការរំពឹងទុកទេ។ ព្រោះអារម្មណ៍ខ្ញុំពេលនេះបានហោះទៅរកម៉ែនៅឯជេីងមេឃម្ខាងទៀតបាត់ទៅហេីយ។

ដេីរចេញពីសួនឧទ្យាន​ ទាំងមិនអស់ចិត្តព្រោះខកខានឃេីញព្រះអាទិត្យលិច​ ខ្ញុំស្រាប់តែមានអារម្មណ៍ថារងាមួយរំពេច​ ព្រោះតែមានខ្យល់ត្រជាក់បក់មកជាមួយស្លឹកឈេីពណ៌លឿងទុំ​ទេីលេីជេីងខ្ញុំ​។ ខ្ញុំអោនរេីសយកមកកាន់រួចបន្តដំណេីរទៅមុខទៀត។

“ម៉ែ! នៅខាងនោះ​ ម៉ែយ៉ាងម៉េចហេីយ? ពេលកូនលឺដំណឹងម៉ែឈឺ​ កូនបាត់អស់ភាពរីករាយ​។ ទីកន្លែងស្រស់ស្អាត​ រដូវកាលស្លឹកឈេីចំរុះពណ៌​ ដែលកូនទន្ទឹង​ លែងមានន័យសម្រាប់កូនទៀតហេីយ! ម៉ែនៅខាងនោះ​ អាកាសធាតុអាចខុសពីកូន​ ព្រោះខ្មែរយេីងចូលខែភ្ជុំហេីយ​ ច្បាស់ណាស់ថា​ មានភ្លៀងរលឹមឥតដាច់​ ផ្លូវអាចប៉ប៉េចប៉ប៉ាច​ មេឃស្រទំរហូត​ មែនទេម៉ែ? កូននៅទីនេះ​ បេីទោះពពកខ្មៅបាំងម្តងៗ​ តែនៅតែ​បេីកថ្ងៃ​ ហេីយថែមទាំងបន្ថែមភាពស្រស់ស្អាត​ ដោយមានស្លឹកឈេីចំរុះពណ៌​ សប្បាយភ្នែកមេីលណាស់​ ប៉ុន្តែ​ហេតុអ្វីបានជា​កូនមិនសប្បាយ? ហេតុអ្វីបានជាកូនយំ​? ចុះម៉ែនៅខាងនោះហាក់អួអាប់​ រលឹមសស្រិច​ ម៉ែថែមទាំងឈឺធ្ងន់​ ហេីយម៉ែនៅឆ្ងាយពីកូន​ទៀត​ ហេតុអ្វីម៉ែនៅតែញញឹម? ម៉ែនៅតែសេីចសប្បាយដាក់កូន​ ពេលកូនទូរសព្ទទៅ?”​

ខ្ញុំនិយាយក្នុងចិត្តរួចដកដង្ហេីមធំមួយ​ ដេីម្បីបន្ទូរអារម្មណ៍តានតឹង​ ពេលគិតដល់ស្ថានភាពម៉ែពេលនេះ។ ខ្ញុំដេីរបណ្តេីរ​ សម្លឹងមេីលស្លឹកឈេីដែលខ្ញុំបានរេីសបណ្តេីរ។

“ឬមួុយជាពេលដែលម៉ែត្រូវចាកចេញ? ស្លឹកឈេីទុំជ្រុះ​ មនុស្ស​ កេីត​ ចាស់​ ស្លាប់​ ជាច្បាប់ធម្មជាតិ​ តេីខ្ញុំត្រូវត្រៀមខ្លួនរស់ជាថ្មីដោយគ្មានម៉ែ​ ដូចដេីមឈេីសោះកក្រោះមួយនោះ​ ដែលរង់ចាំរដូវលាស់ស្លឺកថ្មីឬ? តេីខ្ញុំត្រូវត្រៀមចិត្តយ៉ាងណា​ ដេីម្បីទទួលយកច្បាប់ធម្មជាតិនេះ​ ដោយសុខចិត្ត​ ហេីយ​ មិនឈឺចាប់​?”​

គិតដល់ពាក្យ​ “សុខចិត្ត​ ហេីយមិនឈឺចាប់”​ ខ្ញុំឆួលច្រមុះ​ ដំណាលគ្នា​ ​និងទឹកភ្នែក​ហូរមកស្រូដូចទឹកបាក់ទ្រនប់​ ព្រោះខ្ញុំនឹកឃេីញ​ដល់ស្នាមញញឹម​ ​និង​ សំឡេងសេីចរបស់ម៉ែខណ:ពេលគាត់ធ្លាក់ខ្លួនឈឺ​ កំពុងព្យាបាល​តែបែររីករាយឃេីញកូនៗជុំគ្នា។ ទង្វេីរបស់ម៉ែបានកំពុង​បង្រៀនខ្ញុំ​ឱ្យរៀន​ សុខចិត្ត​ រៀនទទួលយក​ រៀនលេីកលែងទោស​។ ជីវិតម៉ែ​បានឆ្លងកាត់​ព្យុះ​ភ្លៀង​ ក្នុងទីងងឹតជាច្រេីនរាប់មិនអស់​ តែចុងក្រោយនៃជីវិតម៉ែនៅតែញញឹម​ ទៅកាន់កូន​ ទៅកាន់មនុស្សគ្រប់គ្នា​ ដោយ​សេចក្តីស្ងប់។ តែកូននៅទីភ្លឺ​ នៅទីស្រស់ស្អាត​ ហេតុអ្វីក៏ពិបាកគ្រាន់តែញញឹម​ ដោយសុខចិត្ត​ ហេីយមិនឈឺចាប់​ ដូចម៉ែ? អរគុណម៉ែ​ សម្រាប់មេរៀនមួយនេះ​ មុនពេលម៉ែត្រូវឃ្លាត​។ កូននឹងព្យាយាម​អនុវត្ត​ន៍​ មេរៀន​ សុខចិត្ត​ ពេញចិត្ត​ សប្បាយចិត្ត​ ស្រាយចិត្ត​ ស្ងប់ចិត្ត​ ​ដេីម្បីឱ្យចុងក្រោយនៃជីវិតកូន​ ​ពេលចាកចេញពីផែនដីនេះទៅ​ ​ជ្រះថ្លា​ ញញឹមរីករាយដូចម៉ែ។

ពិតណាស់​ ដេីមឈេីជ្រុះស្លឹកគង់លាស់​ត្រួយថ្មី​ ព្រះអាទិត្យលិចពីផែនដី​គង់វិលវៃ​នៅថ្ងៃបន្ទាប់​ មេឃខ្មៅអួអាប់​គង់តែមានភ័ព្វ​ ជួបជួនប្រសព្វនឹងពន្លឺ​។ យេីងដឹងហេីយថាជាច្បាប់ធម្មជាតិ​ ដូច្នេះ​​មានតែយេីងរៀនរស់ដាក់ចិត្ត​ សម្របកាយ​ ទទួលយកលទ្ធផលជីវិតដោយសុខចិត្ត​ និងស្ងប់ចិត្ត​ ទេីបមិនសូវឈឺចាប់ពេលត្រូវបាត់បង​ ឬចាកចេញ៕ ~Amy
__________________

🍁 ខ្ញុំសូមអរគុណដល់​ក្រុមការងារ​ មេសា​ -​April ដែលបានសហការ​ និងគាំទ្រស្នាដៃដំបូងរបស់ខ្ញុំ។ ខ្ញុំក៏សូមអរគុណជាពិសេសដល់អ្នករចនាក្របសៀវភៅ​ ដែលត្រូវខ្លឹមសារ​ និងអត្ថន័យ​ ដូចអ្វីដែលខ្ញុំចង់បាន។
🍁ប្រិយមិត្តអ្នកអានអាចធ្វើការកក់ទុកដោយបញ្ជាក់លេខទូរសព្ទ អាសយដ្ឋាន និងចំនួនសៀវភៅក្នុង comment ខាងក្រោម ឬក្នុងប្រអប់សារនៅផេក មេសា-April
🍁តម្លៃសម្រាប់អ្នកកក់៖ តម្លៃ 28000 រៀល នឹងទទួលបានកាដូពិសេស ចាប់ពីថ្ងៃទី 06 ខែមិថុនា ដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2020។

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.